ញត្តិគាំទ្រលទ្ធផលបឋមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ជាសមាគមអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងមហាផ្ទៃនិងក្រសួងព័តមាន មានសមាជិកសមាជិការ ជាអ្នកសារព័ត៌មានជាច្រើននាក់ នៅតាមបណ្តា រាជធានី ខេត្ត ក្រុងនានា ទូទាំងប្រទេស ធ្វើសកម្មភាពផ្តោតលើវិស័យព័ត៌មាននិងកិច្ចការមនុស្សធម៌ ។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានចូលរួមយ៉ាងសកម្ម ក្នុងការពិនិត្យមើលការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និងបានតាមដានយ៉ាងចូលចិត្តទុកដាក់បំផុត ចំពោះ
លទ្ធផលបឋមនៃការបោះឆ្នោត ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្នុងនោះសមាគម បានពិនិត្យឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នេះបានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និង តម្លាភាព ហើយប្រព្រឹត្តទៅ មានភាពរលូនប្រសើរជាងការបោះឆ្នោតមុនៗ។គ្រប់គណបក្សនយោបាយមានការគោរពច្បាប់បទបញ្ជានីតិវិធី និងក្រមសីលធម៌ នៃការបោះឆ្នោតបានល្អ ហើយបានប្រព្រឹត្តទៅដោយបរិយាកាស តល្លាភាព បំផុត ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នេះ ធ្វើឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិមានការផ្ដោត ការចាប់អារម្មណ៍ យកចិត្តទុកដាក់តាមដាន ហើយបានវាយតម្លៃថា ជាជោគជ័យមួយដ៏ត្រចះត្រចង់ នៃវឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព សូមចូលរួមធ្វើសេចក្តីប្រកាស ទទួលស្គាល់និងវាយតម្លៃខ្ពស់ ព្រមទាំងគាំទ្រ លទ្ធផលបឋមនៃការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ជាការបោះឆ្នោតប្រកបដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ អាចទទួលយកបាន។

សមាគមសូមធ្វើការអំពាវនាវ និង សំណូមពរអោយទទួលយក ចំពោះគ្រប់គណបក្សនយោបាយដែលទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យទទួលយកលទ្ធផលនៃការបោះឆ្នោតបណ្តោះអាសន្ននេះ។