អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការសិក្សាធ្វើបណ្ណបើកបរម៉ូតូចាប់ពីកម្លាំង៦០សេសេ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានអះអាងថា ការសិក្សាធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងចាប់ពី៦០សេសេឡើងទៅ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត ហើយមួយវិញទៀតការសិក្សាឲ្យមានការធ្វើបណ្ណនេះ ក៏ពុំមែនជាលក្ខខណ្ឌដាច់ខាតនោះដែរ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយានយន្តនោះតែប៉ុណ្ណោះ។

ការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ផង និងគាំទ្រផងក្រោយសារព័ត៌មានបានចុះផ្សាយថា «រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មី ស្នើឲ្យពិចារណាធ្វើបណ្ណបើកបរម៉ូតូឡើងវិញ ចាប់ពីកម្លាំង ៦០សេសេឡើងទៅ»។

តាមសេចក្តីប្រកាសបញ្ជាក់ព័ត៌មានអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា«ការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត»ប៉ុណ្ណោះ ដោយអនុសាសន៍១.សិក្សាសម្រាប់អនាគត គឺជាស្មារតីអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺទី១ លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញ នូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ ។ ទី២ ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើបណ្ណបើកបរ ។ ទី៣ ជារួមពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី«60CC»ឡើង គឺសុទ្ធតែតម្រូវឱ្យមានបណ្ណបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្ភេទក,ខជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង។

២.ហេតុផលនៃអនុសាសន៍៖ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងយ៉ាងច្បាស់ៗ​ប្រកប​ដោយការព្រួយបារម្ភថា​ មិនទាន់ដាច់ឆ្នាំ២០២៣ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​មានជាង១១០០នាក់ឡើយ បើធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ១៧លាននាក់។ ដូច្នេះ ទំរាំដាច់ឆ្នាំ២០២៣ អាចនឹង កើនឡើងច្រើនជាងនេះក៏ថាបាន បើពុំមានវិធានការគត់មត់។ ទោះជាចំនួនអ្នកស្លាប់បានថយចុះមែន ប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបាន​តាមគោលដៅ​របស់ក្រសួងនៅឡើយ។ ចំណែក ឯចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឱ្យដឹងថា ក្នុងមួយថ្ងៃៗ​ក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង១០០០គ្រឿងគិតជាលេខមូល បើប្រៀបធៀប​នឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង ៨០០នាក់​ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់។ ជាផែនការ ឯកឧត្តមអភិសន្តិបណ្ឌិត មានទស្សនវិស័យ «កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយ​ទាបបំផុតនាថ្ងៃអនាគត»។

៣.ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញ​ដល់អគ្គស្នងការដ្ឋាននគរបាលជាតិបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ​សហការជាមួយ តួអង្គពាក់ព័ន្ធនានា ​បង្កើតយន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយអប់រំ ​ឱ្យបានទូលំទូលាយ​អំពី​ច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរ ​និងក្រមសីលធម៌បើកបរជាដើមនោះ ​ដល់អ្នកប្រើប្រាស់​ផ្លូវថ្នល់​គ្រប់ប្រភេទ​ ក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់​ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ម្ដងហើយម្ដងទៀតថា អនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺជា«ផែនការសម្រាប់អនាគត ​ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និង ជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ​ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។ ពោលគឺពុំ ទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ។

សំណួរសួរថា តើចង់បណ្តោយឱ្យប្រជា- ពលរដ្ឋស្លាប់ក្នុងមួយឆ្នាំៗ​ប្រមាណ២០០០នាក់ ឬយ៉ាងណា? ប្រសិនបើមិនចង់ទេ ​លុះត្រាតែរួមគិតរិះ រកគ្រប់យន្តការដើម្បីទប់ស្កាត់​ពី​ឥឡូវនេះតទៅ៕